ខេត្តបាត់ដំបង ៖ កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយទទួលបានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំ បង ផងនោះ លោកវរសននីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹក នាំបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការលើករណី ទទួលផលចោរកម្មលើទីតាំង០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង។ មន្ត្រីនគរបាលនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ៖ គោលដៅទី០១ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយ បានធ្វើការនាំខ្លួនឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរទាក់ ទងនឹងករណីទទួល ផលចោរកម្ម។ គោលដៅទី០២ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ីខាង ជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ ប្រភពដដែលបានឲ្យដឹងថា ៖ ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចម្រុះសរុបចំនួន ២៦ គ្រឿង ដោយនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងចំណោម នោះ មានម៉ូតូមួយចំនួនជាប់ទាក់ទិនក្នុងករណីល្មើសច្បាប់ ដែលត្រូវបានរកឃើញនៅចំណុចទីតាំងខាងលើ ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលនឹងរៀបចំសំណុំ រឿងបញ្ជូនករណីខាងលើនេះទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។ សមត្ថកិច្ចនគរបាលក៍សូមជូនព័ត៌មានផងដែរក្នុងករណី ដែលមានជនរងគ្រោះស្គាល់ច្បាស់ថា ម៉ូតូរបស់ខ្លួនស្ថិតក្នុងចំណោមម៉ូតូដែលបានដកហូតមក នេះ ឬមានមូលហេតុផ្សេងៗទាក់ទងនឹងករណីខាងលេីសូមធ្វេីការទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយផ្ទាល់ឬទំនាក់ទំនងតា មរយៈលេខទូរស័ព្ទនាយការិយាល័យនគរបា ល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន៖-092 935 544 ៕
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី មានឃាតកម្មមួយកើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ ចំណែកជនល្មើសក្រោយពីធ្វើសកម្មភាពសម្លាប់រួចបានគេចខ្លួនបាត់។ ក្រោយពីមានហេតុការណ៍កើតឡើង និងមានការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាននាយកដ្ឋាន ចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយទទួលបានលទ្ធផលដូចខាងក្រោម៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ ពន្ធ័ក្នុងករណីឃាតកម្មខាងលើឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ។ ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់។ ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរសព្ទ័ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សម្ភារៈដកហូត ទូរសព្ទ័ ០១ គ្រឿងម៉ាក របស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក វ៉ា ថន ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២ ក្នុងដែលសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យដែល Oneplay ទទួលបាននៅយប់ថ្ងៃទី២៧មេសា នេះ ។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា ដល់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារបន្ថែម១ឆ្នាំទៀត រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ ឯណេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដា ដែល Oneplay ទទួលបាននៅថ្ងៃទី២៧ មេសា នេះ ។ សេចក្ដីជូនដំណឹងនេះបានអោយដឹងថា «អនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្នែកតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២»។ ការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) តាមលក្ខខណ្ឌដូចខាងក្រោម៖ ១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែង ដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រា ក្នុងអំឡុងពេលនេះ។ ២៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក ឬបច្ចុប្បន្នទៅជានិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬទៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៣៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញលក់ ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ ៕
ស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ការបង្រ្កាបក្រុមក្មេងទំនើងបានចំនួន៣នាក់ ដែលចូលចិត្តបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញឋ បង្កការភ័យខ្លាចមួយចំនួនដល់ប្រជាពលរដ្ឋ ។ ការបង្រ្កាបនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ ដឹកនាំដោយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ នគរបាលបានអោយដឹងថា ក្មេងទំនើងចំនួន០៣នាក់៖ ១- ឈ្មោះ វន វីរៈ ភេទ ប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, ៣- ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស។ វត្ថុតាំងចាប់យក៖ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត បន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងខាងលើ និងប្រគល់ម៉ូតូឲ្យវិញប្រលប់ទៅផ្ទះវិញ៕
ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការ បានចុះធ្វើការអប់រំ និងណែនាំដល់អាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចត ឬលក់ដូរបន្តទៀតអោយសោះ ។ ចំណាត់ការរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ៕
មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងពីអំណះអំណាងផ្នែកច្បាប់ចំនួន៣ចំណុច ទាក់ទងទៅនឹងករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស ។ លោកអះអាងថា ការលើកឡើងនេះ គឺក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់និងវិទ្យាសាស្រ្តនយោបាយ និងបានតាមដានដំណើរការសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ។ ទី១-តាមអ្វីដែលបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានក្រោយពេលសវនាការនៅពេលចាប់ផ្តើមសវនាការសំណុំរឿងនេះ នាពេលកន្លងមក, យើងឃើញថា មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការប្រើអក្សរជាតំណាង នៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេស។ ករណីនេះ ក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលយើងស្គាល់ថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿង បានបញ្ជាក់ជាមួយអ្នកសារព័ត៌មាននាពេលនោះថា ការស្នើសុំដូច្នេះ គឺក្នុងគោលបំណងដើម្បីកុំឱ្យប៉ះពាល់ដល់បណ្តារដ្ឋបរទេស ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេស និងព្រះរាជាណាចក្រកម្ពុជា។ ទី២-នៅក្នុងសំណុំរឿងនេះ ឯកឧត្តម កឹម សុខា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃុបឃិតគ្នាជាមួយបរទេស ឬ ហៅថា បទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយមូលដ្ឋាននៃភស្តុតាងដ៏សំខាន់ជាងគេក្នុងសំណុំរឿងនេះ គឺ ជា វីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម ហើយដែលប្រជាពលរដ្ឋបានស្តាប់ដឹងលឺគ្រប់ៗគ្នា។ នៅក្នុងវីដេអូឃ្លីបនេះ, ឯកឧត្តម កឹម សុខា បាននិយាយរៀបរាប់ដោយខ្លួនឯង អំពីអំពើឃុបឃិតគ្នាជាមួយបរទេស ដោយរាប់តាំងពីការដែលបរទេសជ្រើសរើសគាត់, បណ្តុះបណ្តាលគាត់ និងរៀបចំផែនការជួយគាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូតាមបដិវត្តិពណ៌នៅយូហ្គូស្លាវី-ស៊ែរប៊ី ជាដើម។ ជាទិដ្ឋភាពច្បាប់, នេះអាចជាភស្តុតាងសមល្មមគ្រប់គ្រាន់ដែលអាចបង្ហាញអំពីការឃុបឃិតគ្នាជាមួយបរទេស ដែលជាធាតុផ្សំមួយក្នុងបទល្មើសសន្ទិដ្ឋិភាព (ឬឃុបឃិតគ្នា) ជាមួយរដ្ឋបរទេស។ ប្រជាពលរដ្ឋខ្មែរ ដែលបានស្តាប់តែសំដីឯកឧត្តម កឹម សុខា ដែលគាត់និយាយដោយខ្លួនឯងក្នុងវីដេអូឃ្លីប ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺអាចដឹងច្បាស់ ថាតើការឃុបឃិតគ្នាជាមួយបរទេសនេះ វាច្បាស់ និងរឹងមាំដូចម្តេច។ ម្យ៉ាងទៀត, ជាទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការ, សំណុំរឿងនៅតុលាការ តែកាលណាភស្តុតាងមានរឹងមាំគ្រប់គ្រាន់ គឺតុលាការអាចដំណើរការជំនុំជម្រះបានហើយ ដូចជាករណីដែលថា ក្នុងសំណុំរឿងមួយ ដែលមានជនល្មើសច្រើននាក់ ហើយជនល្មើសខ្លះ រត់គេចខ្លួន, ក៏តុលាការនៅតែអាចដំណើរការនីតិវិធីទៅមុខបានដដែល ដោយផ្អែកលើភស្តុតាងដែលមាន បើទោះបីជាជនល្មើសដែលរត់គេចខ្លួន មិនទាន់អាចត្រូវបានចាប់ខ្លួនបានក៏ដោយ។ ករណីបែបនេះ គឺជារឿងធម្មតានៅក្នុងដំណើរការនីតិវិធី ហើយអ្នករៀនច្បាប់បានជ្រៅជ្រះ ដឹងច្បាស់រឿងនេះ ហើយនៅស្រុកគេ ក៏ដូចគ្នាដែរ។ ទី៣-អ្នកចេះច្បាប់អន្តរជាតិ យល់ច្បាស់អំពីអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូតរវាងរដ្ឋ និង រដ្ឋ។ ជាទិដ្ឋភាពច្បាប់, ទូតបរទេសតែងមានអភ័យឯកសិទ្ធិ ហើយមិនចំណុះទៅនឹងអំណាចតុលាការនៃរដ្ឋម្ចាស់ផ្ទះទេ។ តើនៅក្នុងទំនាក់ទំនងការទូត, ដែលឃើញមានតុលាការនៃរដ្ឋម្ចាស់ផ្ទះកោះហៅទូតបរទេសចូលទៅតុលាការដែរ ឬទេ? សូម្បីតែរឿងរដ្ឋប្បវេណី ក៏កម្រនឹងកើតមាន ឬមិនដែលកើតមានផង កុំថាឡើយដល់សំណុំរឿងព្រហ្មទណ្ឌ។ ម្យ៉ាងទៀត យើងឃើញថា មេធាវីរបស់រដ្ឋាភិបាលតែងតែគិតផលប្រយោជន៍របស់ប្រទេសជាតិជាធំ សូម្បីតែរឿងឈ្មោះប្រទេស ក៏ក្រុមមេធាវីរាជរដ្ឋាភិបាលសុំឲ្យតុលាការប្រើអក្សរជាតំណាងដែរ ចៀសវាងប៉ះពាល់ដល់ទំនាក់ទំនងជាមួយរដ្ឋបរទេស ដែលធ្វើឲ្យខាតប្រយោជន៍ខ្មែរ។ ប៉ុន្តែ ក្រុមមេធាវីរបស់ជនជាប់ចោទ និងជនជាប់ចោទ តែងតែបានស្នើឲ្យតុលាការកោះហៅទូតបរទេសចូលសវនាការ ហើយខាងមេធាវីរដ្ឋាភិបាល និងសាធារណជនបានដឹងច្បាស់ណាស់ថា ការធ្វើដូច្នេះ គឺជាល្បិចរបស់ភាគីជនជាប់ចោទ ដើម្បីរុញឱ្យរដ្ឋបរទេស ចូលក្នុងសំណុំរឿង និង ដើម្បីប្រើប្រាស់ ឬបន្តអាងអំណាច ឬឥទ្ធិពលនៃរដ្ឋបរទេស ដើម្បីដាក់សម្ពាធលើកម្ពុជា ក្នុងបំណងជួយដកគាត់ចេញពីសំណុំរឿងព្រហ្មទណ្ឌនេះ ឬពីដំណើរការកាត់ក្តីរបស់តុលាការ។ ប៉ុន្តែ ប្រជាជនកម្ពុជា និង អ្នកស្រឡាញប្រទេសជាតិយើង បានដឹងច្បាស់ហើយថា កម្ពុជាជារដ្ឋអធិបតេយ្យ និងមានច្បាប់របស់ខ្លួន ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ធានាការពារដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ៕
រដ្ឋាភិបាលប្រទេសកម្ពុជាតាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អោយដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ ។ ប៉ុន្តែយ៉ាងណាសម្ដេច ហ៊ុន សែន អោយដឹងថា ត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខេះ។ ប្រសាសន៍អោយដឹងទាំងនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧មេសា នេះ ក្នុងឱកាសទទួលជួបលោក ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ ៕
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបដិសេធ និងបំភ្លឺជូនសាធារណជនថា -ថ្មីៗនេះ មានអ្នកសារព័ត៌មានមួយចំនួន បានយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចហើយ (រូបភាពល្បែងស៊ីសង ប្រជល់មាន់ បៀ អាប៉ោង..) មកឆ្នៃប្រឌិតអមជាមួយអត្ថបទព័ត៌មានខ្វះការស៊ើបបញ្ជាក់ជាមូលដ្ឋានព័ត៌មាន យកទៅចុះផ្សព្វផ្សាយ បង្កឲ្យមហាជនមានការភាន់ច្រឡំអំពីស្ថានការណ៍សន្តិសុខសង្គមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពិសេសនៅស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់។ -ដោយការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តជំនាញ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម តែងតែ បានចាត់បញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធ សហការ ជាកម្លាំងជំនាញនិងអាជ្ញធរមូលដ្ឋាន ចុះស្រាវជ្រាវ និងបង្រ្កាបបានជាច្រេីនករណី ឆ្លើយតបប្រភពរាយការណ៍នានា។ ជាក់ស្តែងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញបានចុះស្រាវជ្រាវដល់ទីតាំង នៅចន្លោះបង្គោលគីឡូលេខ៧៨ និងបង្គោលគីឡូលេខ៨០ នៅចំណុចតំបន់ព្រៃកប់ខ្លោច ខាងក្រោយភូមិចម្ងាយប្រហែល២០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពុំមាន សកម្មភាពលេងល្បែងជល់មាន់ និងអាប៉ោង ដូចការចុះផ្សាយនោះទេ និងពុំមានបន្សល់ទុកនូវស្លាកស្នាម ឬសម្ភារៈអ្វីនោះដែរ ចំពោះ ទីតាំងនេះ គឺជាទីតាំងចាស់ធ្លាប់ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនាពេលកន្លងមករួចហេីយដែរ ។ -រូភាពដែលក្រុមការងារយើងខ្ញុំភ្ជាប់ជូនខាងក្រោម សុទ្ធសឹងជារូបភាពបទល្មើសចាស់ ៗដែលក្រុមការងារ ប្រតិកម្មរហ័ស យេីងខ្ញុំ ធ្លាប់ បានបកស្រាយបំភ្លឺរួចមកហេីយ និងក៏មានរូបភាពខ្លះទៀត អ្នកសារព័ត៌មាន មានចេតនាផលិតជាមាតិការព័ត៌មានក្លែងក្លាយ ដេីម្បី បំបំពុលបរិយាកាសសង្គម។ -ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មានមួយចំនួន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ និងស្នេីសុំចូលរួមសហការ ផ្ដល់ព័ត៌មាន ឬចង្អុលមុខសញ្ញាសង្ស័យ ឬសហការចុះផ្ទាល់ជាមួយកម្លាំងជំនាញនៅគ្រប់គោលដៅដែលសង្ស័យ ដើម្បីទទួលបានព័ត៌មានពិតប្រាកដ។
ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារលើផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស បានប្រមូលផ្ដុំគ្នា ដាក់លិខិតចំហរជូនទៅកាន់ក្រសួងយុត្តិធម៌ ក្នុងខួប១០ឆ្នាំនៃការស្លាប់បាត់បង់ជីវិតរបស់លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ។ នៅក្នុងលិខិតចំហរនោះ ពួកគេបានស្នើសុំដល់រាជរដ្ឋាភិបាលជារួម និងដោយឡែកជំរុញឱ្យក្រសួងពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង ធ្វើការស៊ើបអង្កេតដែលគួរឱ្យជឿជាក់ និងហ្មត់ចត់ ដើម្បីយកអ្នកដែលពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី ។ លិខិតចំហរនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ ក្នុងខួប១០ឆ្នាំនៃការស្លាប់បាត់បង់ជីវិតរបស់លោកឈុត វុទ្ធី ៕
កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការកោះហៅគណនីហ្វេសប៊ុក មានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានបង្ហោះសារថា ប៉ូលីសអធិការខ័ណ្ឌឫស្សីកែវធ្វើស៊ីលុយ និងដាក់ថ្នាំចាប់រំលោភប្រពន្ធខ្លួន ហើយយកប្រពន្ធខ្លួនទៅលក់នៅក្រៅ ។ តាមរយៈរបាយការណ៍ និងស្រង់មកផ្សាយដោយវេបសាយនគរបាលជាតិបានអោយដឹងថា ក្រោយការស្រាវជ្រាវ និងកោះហៅមកស្រាយបំភ្លឺ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានសារភាពថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារខាងលើជាព័ត៌មានមិនពិត និងដោយមូលហេតុរូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលរត់ចោលជាច្រើនខែ។ វេបសាយខាងលើបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក កម្លាំងជំនាញបានតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន សមត្ថកិច្ចក៏សម្រេចបញ្ជូនបុគ្គលរូបនេះទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ ៕
រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍អោយដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។ លោកបានជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រសាសន៍លើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ របស់ក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ដឹកនាំដោយលោកផ្ទាល់ ។ លោកបានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕
រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍អោយដឹងថា នៅកម្ពុជាបច្ចុបន្បន្ននេះ គឺមានការកើនឡើងនូវការចុះបញ្ជីយានយន្តអគ្គិសនីចំនួន៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគតនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។ក្រៅពីនេះ ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការUNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។លោករដ្ឋមន្រ្តីក្រសួងសាធារណៈការបានបន្ថែមថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃស្អែក ៕
ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច ធ្លាប់បានលើកឡើងពីកម្សោយក្នុងការដឹកនាំរបស់ស្ថាប័នជាតិកម្ពុជា ដែលមិនអាចនាំផលិតផលរបស់ខ្មែរមួយចំនួនទៅកាន់បរទេសដូចជាប្រទេសចិនជាដើមបាន ខណៈនៅតាមបណ្ដាប្រទេសជិតខាង គេអាចនាំទៅបាន ដូចជាប្រទេសវៀតណាម និងប្រទេសថៃជាដើម ។ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះបានលើកឡើងថា ទាំងនេះ គឺរដ្ឋាភិបាលយើងតាមរយៈចំណាត់ការរបស់ក្រសួងសាម៉ីខ្លួនដែលពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវឡើងវិញ ដើម្បីរកទីផ្សារអោយកម្ពុជាទៅកាន់បរទេសដូចជាប្រទេសចិន ក្នុងការជួយជម្រុ និងរកទីផ្សារអោយកសិករខ្មែរដែលពឹងផ្អែកភាគច្រើនលើវិស័យកសិកម្ម ។ ៖ « ក្រសួងពាណិជ្ជកម្មត្រូវគិត រឿងស្អី ថៃនាំតាង៉ែនទៅចិនបាន រឿងស្អីវៀតណាមនាំដំឡូងទៅចិនបាន រឿងស្អីវៀតណាមនាំក្រពើទៅចិនបាន ចុះខ្មែរនាំទៅមិនបាន ? ត្រូវសិក្សាឡើងវិញ » ។ប្រសាសន៍លើកឡើងរបស់ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ ៕
ឧបនាយរកដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវក្ដីសង្ឃឹមទុកថា គណៈប្រតិភូជប៉ុននឹងមានការចាប់អារម្មណ៍ចំពោះការវិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។ក្ដីសង្ឃឹមរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងឱកាសជំនួបរវាងរូបលោក ជាមួយនឹងប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលមានតំណាងក្រុមហ៊ុនចំនួន៣៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មេសា ម្សិលមិញនេះ ។ សម្ដេច ស ខេង មិនត្រឹមតែសង្ឃឹមចំពោះចំណាប់អារម្មណ៍វិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទេ លោកក៏សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងអាចស្វែងយល់ពីគ្នាដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគ។បន្ថែមពីលើនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងក្ដីរីករាយដែលបាននជួបជាមួយប្រតិភូសមាគមជប៉ុន-កម្ពុជា ជាលើកទី២ និងបានចាត់ទុកទស្សនកិច្ចរបស់ប្រតិភូសមាគមនៅកម្ពុជាថាជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ៕
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់(ជល់មាន់) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទី ស្ថិតនៅភូមិកោះស្នូក ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ៖១.ឈ្មោះងយ ង៉ែត អាយុ៣៤ឆ្នាំ២.ឈ្មោះ មាស សារ៉ន អាយុ៥៤ឆ្នាំ៣.ឈ្មោះ គង់ សុខ ភេទប្រុស អាយុ៦៤ឆ្នាំ៤.ឈ្មោះ ឡុង គីស ភេទ អាយុ៥៣ឆ្នាំ ទាំង៤នាក់ នៅភូមិកោះស្នូក ឃុំឬស្សីស្រុកខ/ក ស្រុកកំពង់ត្រាច ខេត្តកំពត ។ដកហូតវត្ថុតាងរួមមាន ៖ ជញ្ជីងថ្លឹងមាន់ចំនួន១ ស្កុតរុំខ្នាយមាន់មួយចំនួន ។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង បានកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាតាមរយៈសម្ដេច ហ៊ុន សែន បានលុបចោលចំពោះកតព្វកិច្ចដែលតម្រូវអោយប្រជាពលរដ្ឋកម្ពុជាពាក់ម៉ាស់នៅតាមទីសាធារណៈ ការសម្រេចនេះ ក្រោមហេតុផលថា ដើម្បីកាត់បន្ថយនូវរាល់ចំណាយដែលរដ្ឋាភិបាលបានចាយលើម៉ាស់កន្លងមក ។ តាមរយៈសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារិ៍ ទី២៦ ខែមេសា នេះ បានអោយដឹងថា ចាប់ពីម៉ោងនេះតទៅ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចសម្រេចចចិត្តដោយខ្លួនឯងបានចំពោះការពាក់ម៉ាស់នេះ ។ បើតាមសម្ដេច ហ៊ុន សែន ទោះបីជារដ្ឋាភិបាលសម្រេចលុបចោលកតព្វកិច្ចពាក់ម៉ាស់នេះក៏ពិតមែន ប៉ុន្តែនៅតែលើកទឺកចិត្តអោយពលរដ្ឋពាក់ម៉ាស់ដោយខ្លួនឯងចំពោះទីតាំងសំខាន់ៗមួយចំនួន ដែលមានមនុស្សច្រើន ៕
ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com